សម្តេចតេជោ អញ្ជើញទៅខេត្តសៀមរាប ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីដ៏ខ្ពងខ្ពស់បើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីគម្រោងនៃការបើកការដ្ឋាននេះ ត្រូវបានខកខានដោយសារព្រឹត្តិការណ៍កូវីដ-១៩ «៣វិច្ឆិកា» ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា«ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច ៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចំរើន»។

ផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នោះ នឹងក្លាយទៅជាផ្លូវសម្ពន្ធមេត្រីភាពជា មួយវិស័យវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដោយស្របតាមរូបសាស្រ្តទីក្រុង និងមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាព ដូចជាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូរំដោះទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ សួនច្បារ និងសួនដាំដើមឈើជាដើម។

សូមជម្រាបថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក៏ធ្វើឱ្យក្រុងសៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។

គម្រោងផ្លូវ៣៨ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ៕