ថ្ងៃនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា រកឃើញមានករណីឆ្លងថ្មីម្នាក់ និងជាសះស្បើយម្នាក់

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីម្នាក់ លើស្រ្តីជនជាតិខ្មែរ-អាមេរិកកាំង ហើយក៏មានករណីជាសះស្បើយពីជំងឺម្នាក់ផងដែរ។

អ្នកជំងឺឆ្លងកូវីដ១៩ថ្មីជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំងអាយុ៦២ឆ្នាំនេះ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៤នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារចំនួន២ក្នុងរាជធានីភ្នំពេញ។
ដោយឡែកសម្រាប់អ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០៨នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន២៩៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន០៩នាក់៕