សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកករណីនៃការរកឃើញករណីឆ្លងថ្មីនេះ ជាករណីឆ្លងចូលក្នុងសហគមន៏ ត្បិតអ្នកឆ្លងថ្មីនេះ មិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ សម្តេចបានបញ្ជាក់ឲ្យ ដឹងថា រាជរដ្ឋាភិបាល នឹងមិនយកវិធានការណ៏បិទសាលា រៀន នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនោះទេ តែត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមវិធានរបស់ក្រសួងសុខាភិបាល។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសារជាសម្លេងផ្ញើទៅកាន់មន្ត្រីជាន់ ខ្ពស់រាជរដ្ឋាភិបាល នៅព្រលប់ថ្ងៃទី២៨ វិច្ឆិកានេះ។ តែយ៉ាងណាសម្តេចតេជោ អំពាវនាវ កុំឲ្យមានការជួបជុំ រឺប្រមូលផ្តុំណាមួយច្រើនគ្នា និងបន្តរក្សាអនាម័យ និងការរក្សាគម្លាតជាមួយគ្នា។ សម្តេចនឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទៅលើសភាពការណ៏នៃការវិវត្តរាល់សភាពការណ៏ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធផ្តល់។
សម្តេចតេជោ បញ្ជាក់បន្ថែមថាទោះបីព្រឹត្តិការណ៏នេះមានកើតនៅក្រុងសៀមរាប គ្រាដែលសម្តេចតេជោ ក៏នៅខេត្តសៀមរាប ហើយរាល់កម្មវិធីនៅថ្ងៃទី៣០ វិច្ឆិកា នឹងមិនត្រូវលុបចោល កម្មវិធីបើកការដ្ឋានផ្លូវ៣៨ខ្សែ រួមនឹងការកែលម្អដងស្ទឹងសៀមរាបនោះទេ គឺនៅដំណើរការជាធម្មតា គ្រាន់តែបង្កើនការប្រុងប្រយ័ត្ន។ សម្តេចតេជោ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយបើគ្មានការចាំបាច់ទេ សុំកុំចេញក្រៅផ្ទះ ដើម្បីងាយស្រួលឲ្យអាជ្ញាធរពិនិត្យ ពិសេសត្រូវធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួនបំផុត។ ការយកវិធានការនេះ គឺជាការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩៕
































