ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧នាក់ ដែលក្នុងនោះមាន ៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ ក្នុងថ្ងៃនេះដែរ បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកដែលប៉ះពាល់ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងបន្ទាយមានជ័យ និងអនុវត្តន៍ទៅតាមសារសំឡេង ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
ក្រសួងក៏បានអំពាវនាវ ឲ្យអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនៅខេត្តសៀមរាប សូមអញ្ជើញទៅធ្វើតេស្តនៅសាលាគុរកោសល្យខេត្តសៀមរាប ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរសុខាភិបាល។ នៅតាមបណ្តាខេត្តពាក់ព័ន្ធ សូមធ្វើការទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តបានទាន់ពេលវេលា ជាករចូលរួមទាំងអស់គ្នា ក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ បន្តគ្នានៅតាមសហគមន៍ផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕
































