ក្រសួងសុខាភិបាលប្រកាសធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ដោយមិនបាច់បង់ប្រាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯង គឺអាចធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា ភ្នំពេញ បានដោយរាជរដ្ឋាភិបាល ជាអ្នកធានារ៉ាប់រងក្នុងការចំណាយ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

សូមបញ្ជាក់ថា នាពេលនេះ ក្រសួងសុខាភិបាល កំពុងតែប្រមូលអ្នកពាក់ព័ន្ធនឹង លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងភរិយារបស់លោក ដើម្បីធ្វើតេស្ត និងដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីរកឃើញថា គាត់មានផ្ទុកមេរោគកូវីដ-១៩។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ-១៩ ខណ:ថ្ងៃនេះ ក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង ៣ ០០០នាក់ហើយ ក្នុងនោះរកឃើញវិជ្ជមានចំនួន ៨នាក់ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ និងជាករណីឆ្លងដល់សហគមន៍កម្ពុជា ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ-១៩។

លេខទូរស័ព្ទសម្រាប់ស្នើសុំធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា រួមមាន ៖
១៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ០៧៧ ៦៣ ៧៧៧៧
២៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ០១១៨៤៨ ៦៨៧
៣៖ លោក គឹម ណារ៉ែន អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ០១២ ៧០៧ ០៧១៕