រាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់ខ្សែផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារព្រឹត្តិការណ៍”៣វិច្ឆិកា”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ វិច្ឆិកា នេះ អឆាញ្ជើញបើកការដ្ឋានសាងសង់ខ្សែនិងលើផ្លូវ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប។ សម្តេចតេជោ បានបញ្ជាក់ថា កូវីដ១៩ មិនអាចបង្អាក់ដំណើរការនៃការស្ថាបនាផ្លូវរបស់កម្ពុជានោះទេ។ កម្ពុជាមានលទ្ធភាពទម្លាក់ថវិកាដើម្បីសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងនេះ នឹងប្រើប្រាស់រយៈពេល១៣ខែដែល​គ្រោង​នឹងបញ្ចប់​ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន ៖

ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំ ណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស.ម ឡើងវិញ (Overlay)។ ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់២០ស.ម រួចក្រាលបេតុង កៅស៊ូAC កម្រាស់ ៧ ស.ម ពីលើ។ ប្រភេទទី៣៖ ជាផ្លូវដែល​មិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវ​សាង​សង់​ថ្មី ដោយចាក់ក្រាលបេតុង​សរសៃដែក កម្រាស់ ២០ស.ម។ ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុល​អ៊ុត​ក្រាល​បេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវ​មិន​ល្អ​ នឹងត្រូវសាងសង់​ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម។ ខ្សែផ្លូវ​ទាំង ​៣៨ខ្សែ​នេះ នឹង​មាន​រៀបចំ​បណ្តាញ​លូទឹក ភ្លៀង លូទឹកកខ្វក់ ​ប្រព័ន្ធ​ការពារ​ទឹក​ជំនន់​​​បញ្ចៀស​ការជន់លិចទីក្រុង​​ រៀប​ខឿនចិញ្ចើម​ផ្លូវ​ និងបង្គោល​ភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន​គិតគូរពី​ទិដ្ឋភាព​ផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញ​ខ្សែកាប ប្រព័ន្ធ​បញ្ជូន​​អគ្គិសនី​ ផ្លូវ​ថ្មើ​ជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព, សួនច្បារ,​ និងការដាំដើមឈើលម្អផ្លូវជាដើម។

គម្រោង​សាងសង់​ខ្សែផ្លូវទាំង ៣៨ខ្សែ និងការងារ​​រៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកខ្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ នឹងត្រូវ​អនុវត្តការ សាងសង់ដោយអង្គភាព ចំនួន ០៨ រួមមាន៖ កងវិស្វកម្ម​លេខ​១៧៨ស្ពាន​-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម,​ កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប,​ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប,​ អគ្គនាយកដ្ឋាន​សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ​និង​ស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការនិង​ដឹកជញ្ជូនខេ​ត្ត​សៀមរាប៕