ខេត្តស្ទឹងត្រែង ៖ តាមរបាយការណ៍ពីមន្ទីរសុខាភិបាលបានឲ្យដឹងថា មានអ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗ ចំនួន ៧៨នាក់ក្នុងខេត្តស្ទឹងត្រែង ត្រូវគេបញ្ជូនសំណាក ទៅពិនិត្យនៅមន្ទីរពេទ្យប៉ាស្ទ័រក្រុងភ្នំពេញ ខណៈនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ មន្ទីរសុខាភិបាលខេត្ត នឹងយកសំណាកម្នាក់បន្ថែមទៀត ដែលជាអ្នកបើកបររថយន្តរបស់លោក ឡូយ សុផាត។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារប្រឆាំង និងជំងឺឆ្លង បានឲ្យដឹងថា សំណាកទាំង ៧៨នាក់នេះ បានយកចេញពី ៣ទីតាំងផ្សេងគ្នា។ រួមមាន ១-ទីតាំងនៅផ្ទះរបស់លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ចំនួន ៤២នាក់ យកចេញពីផ្ទះលោក ម៉ុម សារឿន អភិបាលខេត្ត ចំនួន ៣៣នាក់ និងទីតាំងបន្ទាប់ទៀតមានចំនួន ៣នាក់ ចេញពីមន្ទីរសុខាភិបាល។
សូមជម្រាបថា បន្ទាប់ពីមានករណីផ្ទុះរលកថ្មីនៃជំងឺកូវីដ-១៩ ម្តងទៀតនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាជៀសវាង និងបង្ការកុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩៕
































