ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់ ២,៨ពាន់លានរៀលដល់ស្ត្រីសម្រាលកូនជាង៧ពាន់នាក់

ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ប្រាក់បន្ថែមដល់ស្ត្រីសម្រាលកូនជាកម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ តាមរយៈបេឡាជាតិសន្តិសុខសង្គម (បសស) រហូតមកដល់បច្ចុប្បន្ន នេះ ស្ត្រីសម្រាលកូនប្រមាណ ២១ម៉ឺននាក់ដែលទទួលបានប្រាក់ឧបត្ថម្ភនេះ។ ដោយឡែក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់ ២,៨ពាន់លានរៀលដល់ស្ត្រីសម្រាលកូនចំនួន ៧ ០១៤នាក់។

លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃ ប.ស.ស. បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី៧ ខែធ្នូ នេះថា បើគិតជាទឹកប្រាក់ចំនួន ៨៧ប៊ីលានរៀល ដែល ប.ស.ស. បានផ្តល់ជូនស្ត្រីសម្រាលកូនទាំងនោះ គឺមិនបូកបញ្ចូលជាមួយនឹងស្ត្រីជាមន្ត្រីរាជការនោះទេ។ សម្រាប់ការផ្តល់សេវានានារបស់ ប.ស.ស. ដល់ស្ត្រីសម្រាលកូនទាំងអស់រហូតមកដល់បច្ចុប្បន្ននេះ មិនមានអ្វីជាបញ្ហានោះទេ បើទោះបីកម្ពុជា កំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ លោកថា ៖ កាលពីមុន ស្ត្រីសម្រាលកូន មានការរអ៊ូរទាំច្រើន ដោយសារមិនទាន់យល់ពីនីតិវិធីនៃការប្រើប្រាស់សេវាឧបត្ថម្ភ ។ ប៉ុន្តែបច្ចុប្បន្ន គាត់បានយល់ពីនីតិវិធីនៃការប្រើប្រាស់សេវានេះ គាត់មិនមានការរអ៊ូរទាំទៀតទេ។

លោក ហេង សុផាន់ណារិទ្ធ បន្តាថា ៖ គ្រាន់តែក្នុងរយៈពេល ១ខែ គឺចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប.ស.ស. បានផ្តបញ្ចេញកញ្ចប់គោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកាសរុបប្រមាណជាង ២,៨ពាន់លានរៀល សម្រាប់ផ្កល់ជូនស្ត្រីសម្រាលកូនចំនួន ៧ ០១៤ នាក់។ បើធៀបនឹងខែតុលា ឆ្នាំ២០២០ ចំនួននេះ មានការថយចុះបន្តិចបន្តួចប្រមាណ ១០០នាក់ប៉ុណ្ណោះ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូនចាប់តាំងពីដើមឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងនោះកម្មការិនីសម្រាលបានកូនបាន ១នាក់ ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះ ២នាក់ ទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២ សែនរៀល៕