កម្ពុជា ចំណាយថវិកាជាង៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍខេត្តនៅតំបន់ត្រីកោណក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចំណាយថវិកាជាង៣ពាន់លានដុល្លាអាមេរិក ដើម្បីធ្វើការអភិវឌ្ឍខេត្តបួននៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាមក្នុងរយៈពេល៣០ឆ្នាំមកនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល CLV (កម្ពុជា-ឡាវ-វៀតណាម) លើកទី១១ នៅថ្ងៃទី០៩ ខែនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាខិតខំជំរុញការអភិវឌ្ឍខេត្តនៅតំបន់ត្រីកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារធ្វើ។ បើតាមសម្តេចតេជោ រយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានចំណាយថវិកាជាង៣ពាន់លានដុល្លាអាមេរិក ដើម្បីធ្វើការអភិវឌ្ឍខេត្តបួននៅតំបន់ត្រីកោណ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ ចំនួន៨៦គម្រោង និងបានផ្តល់ការងារធ្វើជាង១សែននាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ក៏ដូចជាការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ។

តាមរយៈកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានអនុម័តលើឯកសារសំខាន់ចំនួនបីរួមមាន (១) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១ (២) ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង (៣) ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA។

ថ្នាក់ដឹកនាំនៃប្រទេស CLV បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLVDTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ដោយទាញយកនូវសក្តានុពលកម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។ ថ្នាក់ដឹកនាំបានទទួលស្គាល់ថា ជំងឺកូវីដ-១៩បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំទាំងអស់បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។ ថ្នាក់ដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការ រវាងថ្នាក់នីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ៕