អូស្ត្រាលីរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា

 

អូស្ត្រាលី និងកម្ពុជា នាថ្ងៃទី៩ធ្នូនេះ បានរួមគ្នាប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការ អភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ និងបានរៀបចំផែន ការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ការស្តារសេដ្ឋកិច្ច សង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។

តាមសេចក្តីប្រកាសព័ត៌មានរួមរបស់ភាគីអូស្ត្រាលី និងកម្ពុជាស្តីពីការប្រកាសផ្សព្វផ្សាយ និងដាក់ ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជាបានរំលេចថា ផែនការនេះបាន កំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ៣ គឺៈ ការធានាសន្តិសុខ ផ្នែកសុខាភិបាល , ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ចឡើងវិញ ។

នាពិធីចុះហត្ថលេខាជាមួយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពី ព្រឹកមិញឯកឧត្តម ផាម្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គម កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ដែលចង្កោមសកម្មភាពទាំងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ ការលើកកម្ពស់យេនឌ័រ និងពិការ ភាព ការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពល រដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ -១៩ ។

ឯកឧត្តមទូតថា ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារអាមេរិកដល់កម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិកដែលនាយករដ្ឋ មន្ត្រីអូស្ត្រាលីបានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិកផ្សេងទៀត ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ការចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។

នាឱកាសនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិ ការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយ តម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យម ប្រកបដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន។ ឯកឧត្តមរដ្ឋមន្ត្រីរីករាយចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជានាពេលនេះ និងបានបញ្ជាក់បន្ថែមថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩នេះ។ ផែនការនេះបានបញ្ជាក់ពីកិច្ចសហការដ៏សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី៕