សម្តេចតេជោ ហ៊ុន សែន ថ្លែងចំអកឱ្យអ្នកវិភាគថា «មានទស្សនវិទូ ប្រវត្តិវិទូ សេដ្ឋវិទូ ប៉ុន្តែក៏មាន អាល្ងង់ទូ ដែរ»

ភ្នំពេញ ៖ បន្ទាប់ពីប្រកាសទទួលស្គាល់ការវិភាគមួយចំនួនដោយប្រៀបធៀបថា មានទស្សនវិទូ ប្រវត្តិវិទូ សេដ្ឋវិទូ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក៏បានហៅអ្នកវិភាគមួយចំនួនថា «អាល្ងង់ទូ» ដែរ ។ ជាមួយនោះ សម្តេច ក៏បានប្រកាសជួយចេញថ្លៃសំបុត្រយន្តហោះជូនអ្នកវិភាគបញ្ហានយោបាយនៅក្រៅប្រទេស ដើម្បីមកមើលពីការអភិវឌ្ឍជាក់ស្តែងរបស់កម្ពុជា តែម្តង។

ថ្លែងនៅក្នុងពិធីសម្ពោធ សមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និង ដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែនបានលើកឡើងថា មានទស្សនវិទូ មានប្រវត្តិទូ សេដ្ឋវិទូ ប៉ុន្តែក៏មានអាល្ងង់ទូ ដែរ នោះទស្សនៈប្រវត្តិសាស្ត្រ។

សម្តេចតេជោ បន្តថា មនុស្សណាក៏ដោយបើមិនផ្អែកលើប្រវត្តិ សាស្ត្រ និងមិនទទួលស្គាល់ សង្គ្រាមតាំងពីឆ្នាំ១៩៧៥ ផង អត់ទទួលស្គាល់ប៉ុល ពត កាប់សម្លាប់មនុស្សផង ហើយផលវិបាកនៃរបបប៉ុល ពតឱ្យមានកុមារកំព្រា ស្ត្រីមេម៉ាយ ការព្រាត់ប្រាស់និរាស ហើយសង្គ្រាមនៅបន្តរហូតដល់បញ្ចប់ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះៗ អ្នកមិនទទួលស្គាល់ចំណុចនឹងផង បែរជាច្បិចយកសភាពការណ៍សព្វថ្ងៃតែមួយគត់ មកវិភាគនោះ ទោះបីជាអ្នកមានបណ្ឌិតដឹកទាំងឡាន ទាំងតោន ក៏ខ្ញុំហៅអ្នកជា«អាល្ងង់វិទូ»ដដែល៕