សម្តេចតេជោ នឹងចាក់វ៉ាក់សាំង “ស៊ីណូហ្វាម” មុនគេពេលវ៉ាក់សាំងមកដល់កម្ពុជា នៅខែកុម្ភៈ

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន នឹងមកដល់កម្ពុជានៅអំឡុងខែកុម្ភៈខាងមុខ។ សម្តេចតេជោ ប្រកាសថា នឹងចាក់វ៉ាក់សាំងស៊ីណូហ្វាមដូសដំបូងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន នឹងមកដល់កម្ពុជា នៅខែកុម្ភៈនេះ ហើយសម្តេចនឹងទៅទទួលវ៉ាក់សាំងនេះ ដោយផ្ទាល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រោះវ៉ាក់សាំងនេះជាទំនិញយុទ្ធសាស្ត្រ និងធានាសុវត្ថិភាពប្រជាពលរដ្ឋ។ សម្តេចតេជោ ប្រកាសថា នឹងចាក់វ៉ាក់សាំងដូសដំបូងមុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត្រ អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត។ ការប្រកាសរបស់សម្តេចតេជោនេះ ធ្វើ ឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នៅព្រឹកថ្ងៃសុក្រទី២២ មករា ២០២១។ សម្តេចតេជោ ចង់បានបំផុត នោះគឺ វ៉ាក់សាំងអាចចាក់ជូនពលរដ្ឋ៥០ម៉ឺននាក់ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ត្បិត១៥ម៉ឺនដូសរបស់ចិន នឹងមកដល់ខែកុម្ភៈ។

សូមជម្រាបថា កាលពីម្សិលម៉ិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរលិខិតមួយទៅនាយករដ្ឋមន្ត្រីចិនលី ខឹ ឈាំង និងបានពិភាក្សាបន្ថែម ជាមួយអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីរិះរកមធ្យោបាយ ក្នុងការទទួលបានវ៉ាក់សាំងពីចិនឲ្យបានឆាប់ ដោយមានទាំងការផ្តល់ជំនួយឥតសំណងបន្ថែម រឺការប្រើប្រាស់ថវិកាជាជំនួយចិន យកទៅទិញវ៉ាក់សាំងចិន រឺប្រើប្រាស់ថវិកាជាតិ ដើម្បីទិញវ៉ាក់សាំង។ កម្ពុជា មិនត្រឹមតែទិញវ៉ាក់សាំង ស៊ីណូហ្វាមទេ កម្ពុជានឹងប្រើប្រាស់ទាំងស៊ីណូវ៉ាក់។ ក្រៅពីនេះសម្តេចតេជោ ក៏បានសរសេរលិខិតទៅ នាយករដ្ឋមន្ត្រីឥណ្ឌា ពិចារណាពិនិត្យ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដែលឥណ្ឌា ផលិតបាន។

បើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានជ្រើសរើសច្រកសំខាន់ចំនួនបី ដើម្បីទទួលបានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះច្រកទី១ គឺតាមយន្តការកូវ៉ាក់ ដែលនឹងផ្តល់ឲ្យកម្ពុជាចំនួន២០ភាគរយនៃចំនួនប្រជាជន ទី២. ប្រើ តាមយន្តការដៃគូរវាងប្រទេស និងប្រទេស និងទី៣. ការចរចារទិញដោយផ្ទាល់ជាមួយក្រុមហ៊ុន៕