ថ្ងៃទី២៦ ខែមករា នេះ មានយានយន្ត ៩០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ មានយានយន្តសរុបចំនួន ៩០០គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៦៤០គ្រឿង និងរថយន្ត ២៦០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា រយៈពេល ២៦ថ្ងៃ ក្នុងឆ្នាំ២០២១ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៤,២២៧គ្រឿង ក្នុងនោះមានម៉ូតូ ១៧,៨៦៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦,៣៥៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ទូរស័ព្ទដៃ បត់ជែងនិងស្រវឹងជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រយៈពេល ២៦ថ្ងៃ នៃឆ្នាំ២០២១ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ ខែមករាឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ៤នាក់របួស ១៧នាក់ (របួសធ្ងន់ ១២នាក់)៕