ភ្នំពេញ ៖ ជនសង្ស័យដែលត្រូវនាំខ្លួនឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ក្នុងភូមិបោះអង្កាញ់ ផ្លូវលេខ ១១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី ថ្ងៃ ២៦ ខែមករា ឆ្នាំ២០២១ ថៅកែដេប៉ូ បូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ ត្រូវ បានចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បទល្មើសមិន បំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ ។
ចាប់ខ្លួនជនសង្ស័យដោយសារ ឈ្មោះ ឡុង ហ្វីលីប គេច វេស មិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ ។ ឈ្មោះ ឡុង ហ្វីលីប បានសារភាព ថា ខ្លួនបានបើក ក្រុមហ៊ុន ឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុង ឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន ២ម៉ឺន ដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែលបញ្ជាទិញពី ឌូបៃ នាំចូលមក ប្រទេសកម្ពុជា ប៉ុន្តែប្រាក់ នេះ បង់មិនគ្រប់ ទើបខ្លួនសុំខ្ចីបន្ថែមចំនួន ៣ម៉ឺន ដុល្លារទៀត ដោយការខ្ចីម្ដងៗខ្លួនបានចេញ សែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។
សមត្ថកិច្ចតុលាការ កំពុងបន្តនីតិវិធីក្នុងសំណើរឿងនេះដោយមិនទាន់បញ្ជាក់ឲ្យដឹងថា នឹងចាត់ការដោយវិធីណានៅឡើយទេ៕































