រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំទទុង-ភ្នំតូច

ភ្នំពេញ ៖ តាមរយៈអនុក្រិត ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុនសែន បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំទទុង -ភ្នំតូច ផ្ទៃដីទំហំ ៨៣,៤៤(ប៉ែតសិបបីហិចតា និង សែសិបបួនអា) ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្ត កំពត។ អនុក្រឹត្យនេះមានគោលបំណង ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។

ក្នុងនោះការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្ម ភាព ទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ជាមួយនឹងការផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកប ដោយនិរន្តរភាពលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

តាមសេចក្តីសម្រេច ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បី ធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ ប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន៕