ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។ តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជនសរុបមានចំនួន ១៥,២៨៨,៤៨៩ នាក់ ក្នុងនោះ មានប្រុស ៧,៤១៨,៥៧៧នាក់ និងស្រី ៧លាន ៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១លាន ៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះមិនរាប់ បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។
សូមជម្រាបថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក ១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រា កំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។ រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២លាន ១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ ២០១៩ ។ អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំ ណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀប ធៀបនឹងឆ្នាំ២០០៨។
បើតាមលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់ ៩៧.៥ ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជា ជាតិផងដែរ៕
































