ភ្នំពេញ ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានកិច្ចសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីសហភាព សហព័ន្ធ និងសហជីពកម្មករ និយោជិត ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក សំដៅចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៏ក្នុងចំណោមកម្មករ និយោជិត។
ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក សម្រាប់មន្ត្រីសហភាព សហព័ន្ធ និងសហជីពកម្មករ និយោជិត កាលពីម្សិលម៉ិញ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏ ជាបញ្ហាប្រឈមចំបងគួរឲ្យព្រួយបារម្ភសម្រាប់ កម្មករ និយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើងដែលមានប្រមាណ៧០ម៉ឺននាក់។ តាម របាយការណ៏ពីប.ស.ស កាលពីឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៏មក លើកម្មករ និយោជិតក្នុងវិស័យនេះ ដែលធ្វើដំណើរទៅបំពេញការងារចំនួនជិត៧០០ករណី និងបណ្តាលឲ្យកម្មករ១៥នាក់ស្លាប់ និងរាប់ពាន់នាក់រងរបួសធ្ងន់ និងស្រាល។ ភាគច្រើននៃគ្រោះថ្នាក់ កើតទៅលើកម្មករ ដែលធ្វើដំណើរ តាមរថយន្តរួមទៅបំពេញការងារ។
លោក គឹម បញ្ញា បន្ថែមថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងចំណោម កម្មករ និយោជិត នឹងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែងក្នុងកិច្ចខិតខំកាត់បន្ថយ គ្រោះថ្នាក់ ត្បិតប្រមាណ២០ភាគរយនៃជនរងគ្រោះដោយសារគ្រោះថ្នាក់ចរារណ៏នៅកម្ពុជាមួយឆ្នាំៗ ជាកម្មករ និយោជិត។ លោកបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក សម្រាប់មន្ត្រីសហភាព សហព័ន្ធ និងសហជីពកម្មករ និយោជិតនៅពេលនេះ គឺសំដៅផ្តល់ព័ត៌មានកាន់តែ ទូលំទូលាយ និងស៊ីជម្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសហជីព ជួយដល់ការផ្សព្វ ផ្សាយ និងចូលរួមចំណែកឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅក្នុងកម្ពុជា និងក្នុងចំណោមកម្មករ និយោជិតនៅកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០២០កន្លងទៅ អត្រាគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៏បានធ្លាក់ចុះ គ្រាដែលចំនួនអ្នកបាត់បង់ជីវិតធ្លាក់ចុះជាង៣០០នាក់ ធៀបទៅនឹងឆ្នាំ២០១៩។ នោះគឺដោយសារការបង្កើនការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក តាមអនុក្រិតលេខ៣៩ថ្មី ដែលជំរុញឲ្យពលរដ្ឋគោរពច្បាប់៕
































