ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមផាក ហ៊ឹង ខ្យង់ ( H.E. Ph.D. Park Heung Kyeong ) បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញនិងគាំទ្រចំពោះក្រុមហ៊ុនរបស់កូរ៉េ ដើម្បីអោយក្រុមហ៊ុននេះបានវិនិយោគ កែច្នៃសំរាម ឲ្យទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ននិងហ្គាសជាដើម។

ការស្នើសុំកិច្ចគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងក្នុងខណៈពេលឯកឧត្តម ឯកអគ្គរាជទូតរដ្ឋទូតកូរ៉េខាងត្បូង បានជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៨ខែមករាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមឯកឧអកញករាជទូតបានមានប្រសាសន៍លើកឡើងថា ក្រុមហ៊ុនវិយោគរបស់កូរ៉េ សុំធ្វើការវិនិយោគ ដោយកែច្នៃសំរាមអោយទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ន និងហ្គាស ដោយក្រុមហ៊ុនបានធ្វើការទំនាក់ទំនងនិងវិនិយោគលើការងារនេះប្រមាណ១០ឆ្នាំមកហើយ។ ប៉ុន្តែមិនទាន់បានទទួលផ្លែផ្កាជុំវិញការវិនិយោគសំរាមនូវឡើយ។ ជុំវិញបញ្ហានេះ ឯកឧត្តមអគ្គរដ្ឋទូតស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រនិងជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់កូរ៉េបានធ្វើការវិនិយោគលើការកែច្នៃសំរាមនេះឱ្យទទួលបានជោគជ័យ ព្រោះថា ក្រុមហ៊ុននេះពិតជាមានបទពិសោធន៍ច្រើនឆ្នាំ ទៅលើការកែច្នៃសំរាម ដោយធ្វើការដុតកំដៅសំរាមរហូតដល់៤០០ អង្សារសេ និងមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ។
ចំពោះការស្នើសុំឲ្យមានការគាំទ្រខាងលើនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ច ចំពោះការវិនិយោគកែច្នៃសំរាមរបស់ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់វិនិយោគសំរាមនៅរាជធានីភ្នំពេញនេះ។
ឯកឧត្តមបញ្ជាក់ផងដែរថា អ្វីដែលសំខាន់គឺក្រុមហ៊ុនត្រូវបញ្ចេញសមត្ថភាព ដើម្បីឲ្យក្រសួងពាក់ព័ន្ធបានមើលឃើញពីសមត្ថភាពរបស់ក្រុមហ៊ុន នោះក្រុមហ៊ុននឹងបានទទួលសិទ្ធិលើការវិនិយោគពីរាជរដ្ឋាភិបាល។សម្រាប់រដ្ឋបាលរាជធានីភ្នំពេញនិងគាំទ្រជានិច្ច ចំពោះការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដោយហេតុថាសំរាមនៅរាជធានីភ្នំពេញមិនទាន់មានការកែច្នៃនៅឡើយទេ ទាំងទីលានចាក់សំរាមនៅស្ទឹងមានជ័យនិងនៅខណ្ឌដង្កោ ហើយជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីលានចាក់សំរាមថ្មី និងធំមួយទៀតនៅក្នុងភូមិទួលព្រិច ផ្លូវលេខ៥១ ដែលមានផ្ទៃដីរហូតដល់ជាង១០០ហិកតា ដើម្បីចាក់សំរាមនៅទីនោះ។ ដូច្នេះក្រោយពីក្រុមហ៊ុនរបស់កូរ៉េបានធ្វើការវិនិយោគទៅលើសំរាមនេះហើយ នៅរាជធានីភ្នំពេញ មិនខ្វះសំរាមដើម្បីកែច្នៃនោះទេ ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗបានបង្កើតសំរាមមិនតិចជាង៤ពាន់តោននោះទេ៕
































