ភ្នំពេញ ៖ តាមរយៈការខិតខំរបស់ស្ថានអគ្គកុងស៊ុលកម្ពុជប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយជាម៉ាស់ចំនួន ១៤៣២៥០០ម៉ាស់ក្នុងនោះមាន៖ Protective Mask ចំនួន៤៥០.០០០ម៉ាស់, Surgical Mask ចំនួន៩០០.០០០ម៉ាស់ និង Single-use Medical Face Mask ចំនួន ៨២.៥០០ម៉ាស់។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅថ្ងៃនេះថា ម៉ាស់ទាំងអស់មានតម្លៃសរុបចំនួន៧១៥.២០៨ដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ កាយវិការនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចំរើនលើគ្រប់វិស័យ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងជីណាន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ក្រសួងការបរទេសចិន ដែលបានជួយសម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានេះ៕
































