ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយពាក់ព័ន្ធនឹងស្ថានការរីករាលដាលជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារនោះថា ក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩នេះ ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង។
សម្តេចតេជោ បានបញ្ជាក់បែបនេះ «ច្បាប់នេះវាត្រូវការបន្ទាន់។ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រងទាក់ទងជាមួយនឹងកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត»។
































