ភ្នំពេញ ៖ បុរសជាជនជាតិខ្មែរអាយុ ៥០ឆ្នាំម្នាក់ និងជាអ្នកបើកបរឲ្យជនជាតិចិន ដែលធ្លាប់ពាក់ព័ន្ធនឹងក្លឹប N8 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងឱកាសព្យាបាលជំងឺនេះនៅមន្ទីរពេទ្យរុស្ស៊ី។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបាន រកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
































