ខេត្តបាត់ដំបង បានក្លាយជាខេត្តទី១០ នៅកម្ពុជា ដែលបានរកឃើញនូវករណីវិជ្ជមានវីរុសកូវីដ-១៩ មួយករណី គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជារលកចម្លងទី៣នៃវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ដែលជាករណីឆ្លងក្នុងសហគមន៍នៅក្នុងខេត្តបាត់ដំបងនេះ ជាស្ត្រីខ្មែរអាយុ៣0ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាណន់រួចហើយ។
ខេត្តបាត់ដំបងជាខេត្តឈរនៅលេខរៀងទី១០ បន្ទាប់ពីខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី១១មីនានេះ មានរាជធានីខេត្តសរុបចំនួន១០ហើយដែលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលរួមមាន ទី១.រាជធានីភ្នំពេញ។ ទី២.ខេត្តព្រះសីហនុ។ ទី៣.ខេត្តកណ្ដាល។ ទី៤.ខេត្តកោះកុង។ ទី៥.ខេត្តស្វាយរៀង។ ទី៦.ខេត្តកំពង់ធំ។ ទី៧.ខេត្តព្រៃវែង។ ទី៨.ខេត្តកំពង់ចាម។ ទី៩.ខេត្តសៀមរាប និងទី១០.ខេត្តបាត់ដំបង។
សម្រាប់ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនដល់៦៥២នាក់ហើយ បើបូកសរុបទាំងមានចំនួន១,១៦៣នាក់។ ក្រៅពីនេះក៏មានអ្នកជំងឺត្រូវព្យាបាលជាសះស្បើយចំនួន៥៩៧នាក់ រីឯអ្នកជំងឺកំពុងសម្រាកព្យាបាលមាន ៥៦៥នាក់៕
































