ក្រសួងកិច្ចការនារី កោតសរសើរចំពោះស្ត្រីនគរបាលចរាចរណ៍ដែលបំបៅដោះកូនពេលចុះបំពេញការងារនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។

សេចក្តីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន ភ្នាក់ងារ អង្គភាព សារព័ត៌មាន គេហទំព័រ កម្ពុជា ញូវផ្លេស ទទួលបាននៅរសៀលថ្ងៃទី១០ ខែមីនានេះ បានសរសេរយ៉ាងដូច្នេះថា ការបំបៅដោះកូន ដោយទឹកដោះម្តាយ សម្រាប់កុមារទាំងអស់ រហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍកុមារតួច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់-កាលទី៤។

ក្រសួងកិច្ចការនារី សូមសម្តែងនូវការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់និងផ្តល់ភាពកក់ក្តៅដល់កូន។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការចូលរួមការងារ សង្គមផង និងផ្តល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកក្នុងការលើកកម្ពស់តម្លៃ និងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការសង្គមគ្រប់វិស័យ ទាំងក្នុងកម្រិតគ្រួសារ ស្ថាប័ន និងសង្គម ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ក្នុងន័យនេះ ស្ថាប័ន-អង្គភាព ដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង។

ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ដ្រីសាមីគួរមានឧបករណ៍ ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តិទៅដោយ ភាពសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ ដល់តម្លៃនិងកិត្តិយសរបស់ស្ត្រីខ្មែរ។
ជុំវិញរឿងនេះដែរ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ បាន ជួយឧបត្ថម្ភ ថវិកាចំនួន ៥០០០០០ រៀល។ និង ទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ជូន ដល់ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង ទទួលបន្ទុកការងារ ចរាចរណ៍ផ្លូវគោក ៕ ដោយ  ៖ ទេព ប៊ុនថា