ភ្នំពេញ ៖ ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ ខែមីនា ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ ។
បើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នារសៀលថ្ងៃទី១០ ខែមីនានេះបានឱ្យដឹងថា សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នេះនឹងប្រព្រឹត្ត ទៅនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយ មាន របៀបវារៈតែមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀតទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល៕
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនេះ ត្រូវ បានរដ្ឋសភាអនុម័តដោយសំឡេងចំនួន៨៣ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រួចមកហើយដែរ៕
































