បុរសស្ត្រី៥៧នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបការលួចបើកខារ៉ាអូខេចំនួន៣ទីតាំងនៅភ្នំពេញ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯ.ឧ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាកការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែ នាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថ កិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន៣ទីតាំងកាលពីយប់ថ្ងៃទី១០ ខែមីនា កម្លាំងមាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧ នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្តទៅតាមនីតិវិធី ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញ បុរស និងនារីទាំង៥៧ នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។

លោកអភិបាលរងបញ្ជាក់ថា ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋានអាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែលជាហាងលួចលាក់បេីកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន ៣៥នាក់ មេការចំនួន៣នាក់និងទី៣នៅបាបារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

លោកបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១១ មិនានេះកម្លាំងមាន សមត្ថកិច្ចបានធ្វើការសាកសួរនិងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនផងដែរ ។ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ចនឹងបញ្ជូនទៅមជ្ឈមណ្ឌ លឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន។ ចំពោះនារីបម្រើនៅក្នុងខារ៉ាអូខេ យើងបានធ្វើកិច្ចសន្យាអប់រំ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ នឹងតម្រូវឱ្យពួកគេធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃ។ដោយឡែកចំពោះមេការទាំង៦នាក់ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីអនុវត្តទោសទៅតាមច្បាប់។

លោក ហួត ហៃ បានបន្តទៀតថា តាមការណែនាំរបស់អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេបំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ៕