ក្នុងខែមីនា ចំណូលពីរមណីយដ្ឋានអង្គរវត្ត បន្តធ្លាក់ចុះជាង ៩៩ភាគរយ

ភ្នំពេញ ៖ ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមីនា ឆ្នាំ២០២១ បានបន្តថយចុះជាង ៩៩ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២០។

តាមរបាយការណ៍ប្រចាំខែរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បង្ហាញថា ក្នុងខែមីនា មានអ្នកទេសចរបរទេសចំនួន ២៨៨នាក់បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ដោយទទួលបានចំណូល ១២.២៥៦ដុល្លារ។ ចំនួនភ្ញៀវទេសចរ នៅខែមីនា ឆ្នាំ២០២១ បានធ្លាក់ចុះ ៩៩,៣២% ប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២០។ រីឯចំណូល នៅខែមីនា ឆ្នាំ២០២១ នេះ បានធ្លាក់ចុះ ៩៩,២៨% ប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ នៅខែមីនា ឆ្នាំ២០២១ គ្រឹះស្ថានអង្គរ បានប្រកាសពីចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមីនា មានចំនួន ៥៧៦ដុល្លារ៕