ជប៉ុន ផ្ដល់ជំនួយ១លានដុល្លារសម្រាប់គាំទ្រដល់ការចែកចាយវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា

 ភ្នំពេញ ៖ ថវិកាជិត១លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើ ប្រា ស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។ ថវិកា១លានដុល្លារនោះ គឺធ្វើឡើង ដោយរាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិការជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់ គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវរក្សាទុកក្នុងសី តុណ្ហ ភាពត្រជាក់ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-១៩ផងដែរ។

កាលពីខែធ្នូ ឆ្នាំ២០២០ ជាផ្នែកមួយនៃការរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជាយូនីសេហ្វ និងដៃគូដទៃទៀត បានធ្វើការវាយតម្លៃសមត្ថភាពនៃប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ ការវាយតម្លៃបានរកឃើញនូវចំណុចមួយចំនួនដែលត្រូវពង្រឹងបន្ថែមដោយប្រើប្រាស់ថវិកាគាំទ្រថ្មីនេះ។ ដូច្នេះថវិកាជំនួយនេះនឹងបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈដែលប្រទេសនេះកំពុងចាប់ផ្ដើមអនុវត្ត កម្មវិធីចាក់វ៉ាក់សាំងរហ័ស និងក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ ជាការសំខាន់ណាស់ដែលយើងត្រូវធានាថាការបែងចែកវ៉ាក់សាំងកូវីដ- ១៩ នឹងមិនដាក់បន្ទុកធ្ងន់ធ្ងរពេកមកលើសមត្ថភាពបច្ចុប្ប ន្នដែលអាចបង្កឱ្យមានការរំខានដល់សេវាផ្ដល់ថ្នាំបង្ការសម្រាប់កុមារ ហើយក្នុងពេលជាមួយគ្នា ត្រូវពង្រឹងសមត្ថ ភាពនៃប្រព័ន្ធសុខាភិបាលដែលមានស្រាប់ ដើម្បីឱ្យប្រទេសកម្ពុជានៅតែទទួលបានប្រយោជន៍ ក្រោយពេលចប់ជំងឺ រាតត្បាតជាសកលនេះ។

ការធានាឱ្យការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ និងការបែងចែកវ៉ាក់សាំង ឱ្យបានឆាប់រហ័សគឺជាចំណោទរួមមួយរបស់សហគមន៍អន្តរជាតិ ក្នុងការឈានទៅសម្រេចគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើភពផែនដីទាំងមូល។ ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយថវិកាចំនួន ២០០ លានដុល្លារ ដល់កម្មវិធី COVAX ដែលជាយន្តការអន្តរជាតិដឹកនាំដោយ Gavi CEPI អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីធានា និងពន្លឿនការផ្ដល់វ៉ាក់សាំងប្រកបដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍ។

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯក អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ការ ចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រាជរដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំងនៅប្រទេសកំពុងអភិវឌ្ឍ។ បទពិសោធ ច្រើនឆ្នាំរបស់យូនីសេហ្វក្នុងកិច្ចសហការជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យយើងមានទំនុកចិត្តទាំងស្រុងថា ថវិកាជំនួយនេះពិតជានឹងនាំឱ្យសម្រេចបាននូវលទ្ធផលវិជ្ជមានយ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ- ១៩។ យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋា ភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាងពិតប្រាកដថា យើងពិតជាបានទប់ស្កាត់បានទាំង ស្រុង និងអាចស្តារទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩”។

ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានបំពេញតួនាទីជាស្ថាប័នដឹកនាំការងារបច្ចេកទេស រយៈពេល ៣ទសវត្សរ៍មកហើយ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ជាតិ ដែលផ្ដល់ជាប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យើងសូមសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់កម្ពុជាក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេលដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ជំងឺ រាតត្បាតជាសកល ពុំស្គាល់ព្រំដែននោះឡើយ ហើយវ៉ាក់ សាំងត្រូវតែបានផ្តល់ទៅដល់មនុស្សដែលងាយឆ្លងមេរោគនេះជាងគេ និងមុនគេ។ មូលនិធិដែលផ្ដល់ដោយរាជរដ្ឋាភិ បាលជប៉ុនមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីជួយឱ្យយើងទាំងអស់គ្នា អាចបន្តគាំទ្រដល់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការច៉ាក់វ៉ាក់សាំងកូវីដ-១៩ ហើយស្របពេលជាមួយគ្នាដែរបន្តពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស ។ នេះគឺជាជំហានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិនេះ៕