ការចែកចាយបន្លែនៅផ្សារដើមគមិនបិទទេ អាជ្ញាធរតម្រូវឱ្យអាជីវករមានលិខិតបញ្ជាក់

ភ្នំពេញ ៖ ផ្សារដើមគ ដែលជាប្រភពចែកចាយបន្លែដ៏សំខាន់ក្នុងរាជធានីភ្នំពេញ មិនមានការផ្អាកនោះឡើយ ដោយគ្រាន់តែទាមទារឱ្យអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានតឹងរឹង។

បន្ថែមពីលើនោះ ក្រុមអាជីវករដែលទៅទិញបន្លែផ្សារដើមគ យកទៅចែកចាយ ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតពីសមត្ថកិច្ចក្នុងការធ្វើដំណើរពេលយប់។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
គួរជម្រាបថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ទាក់ទិននឹងបញ្ហានេះថា «សូមឱ្យគាត់មានលិខិតបញ្ជាក់ថាជាអាជីវករ ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់លិខិតនោះពេលធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់អាចធ្វើដំណើរបានធម្មតាហើយ។

អាជ្ញាធរបានទទូចថា ស្ថិតក្នុងស្ថានភាពបែប សូមប្រជាពលរដ្ឋ និងអាជីវករ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពលើវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល កាត់បន្ថយការធ្វើដំណើរ ការប្រមូលផ្តុំនានា និងពិធីផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕