សម្តេចតេជោ ប្រកាសផ្តល់វ៉ាក់សាំងដល់អ្នកលក់ដូរត្រីសាច់បន្លែបង្ការនៅតាមទីផ្សារ និងអ្នកដឹកជញ្ជូន

ភ្នំពេញ ៖ ក្នុងសារជាសម្លេងតាមបណ្តាញតេលេក្រាម នៅរសៀលថ្ងៃទី០២ មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកវ៉ាក់សាំង ឲ្យបន្ថែមការចាក់វ៉ាក់សាំងចំពោះអ្នកលក់ដូរ នៅតាមផ្សារ និងអ្នកដឹកជញ្ជូនផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វ៉ាក់សាំងបានប្រើប្រាស់នៅគ្រប់រាជធានី-ខេត្ត ប៉ុន្តែរាជធានីភ្នំពេញ ត្រូវចាក់វ៉ាក់សាំងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ត្បិតនៅភ្នំពេញការឆ្លងហាក់មិនថមថយនោះទេ។ កន្លងទៅសម្តេចតេជោ បានអនុញ្ញាតឲ្យប្រើប្រាស់ស៊ីណូហ្វាម៤០ម៉ឺនដូស ទៅកាន់អ្នកមានហានិភ័យ អ្នកកង់បី និងអ្នកលក់ដូរនៅតាមផ្សារ ហៅថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចតេជោ គិតថា ៤០ម៉ឺនដូសនេះ បានប្រើប្រាស់បន្ថែមពីលើ អាស្រ្តាហ្សេនិកា ដែលកំពុងបន្តចាក់សម្រាប់មនុស្សវ័យចាស់៦០ឆ្នាំឡើងទៅ។ សម្តេចតេជោ បានស្នើឲ្យ ឯ.ឧ ឃួង ស្រេង និងលោកជំទាវ ឱ វណ្ណឌីន រៀបចំរៀបចំទីតាំងបន្ទាន់ សម្រាប់ចាក់ជូនអ្នកលក់ដូរ អ្នកយាមផ្សារ និងអ្នកធ្វើដំណើរដឹកជញ្ជូនបន្លែបង្ការ និងទិញតាមអនឡាញ ពីហាងមួយទៅកាន់ផ្ទះ ត្រូវតែចាក់ ព្រោះអាចជាភ្នាក់ងារចម្លង បើមិនយកទុកដាក់។ សម្តេចសង្កត់ធ្ងន់ថា ហោចណាស់ អាចចាក់បាន២០ម៉ឺននាក់ទៀត បន្ថែមពីលើអាស្ត្រាហ្សេនិកា ស៊ីណូវ៉ាក់ដែលកំពុងចាក់ជូនសម្រាប់មន្ត្រីរាជការ។

សូមជម្រាបថា រាជរដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបាន១លានដូស ក្នុងរយៈពេលមួយខែមេសានេះ ដោយនឹងចាក់ជូនមនុស្សឲ្យបាន៧៤ម៉ឺន៥ពាន់នាក់។ មកដល់ពេលនេះ កម្ពុជាមាន វ៉ាក់សាំងក្នុងដៃប្រភេទស៊ីណូវ៉ាក់ចំនួន ១លាន ៥សែនដូស ដែលកម្ពុជាបញ្ជាទិញ វ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិនចំនួន៧០ ម៉ឺនដូសបន្ថែម ទើបមកដល់យប់ម្សិលម៉ិញ គ្រាដែលវ៉ាក់សាំងAstrazeneca ចំនួន៣២ម៉ឺនដូស បាននឹងកំពុងផ្តល់ជូនមនុស្សវ័យចាស់៦០ឆ្នាំឡើង សម្រាប់ដូសទី២៕