ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន ៦៥ គ្រឿង និងរថយន្តចំនួន ៦គ្រឿង ដែលបើកបរលើសម៉ោងកំណត់ដែលមានចែងនៅក្នុងបម្រាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈម្ចាស់យានយន្តតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងចំនួន ១៤ថ្ងៃ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែមេសា នេះថា ក្នុងប្រតិបត្តិការក្នុងយប់ថ្ងៃទី២ ខែមេសា ម្សិលមិញនេះ មានការចូលរួមដោយផ្ទាល់ពីស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះពិនិត្យស្ទើរគ្រប់ទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកថា ៖ « ការចុះពិនិត្យគោលដៅសរុបមាន ៣១គោលដៅ គោលដៅចល័ត(កម្លាំងចល័ត) ១៧ គោលដៅ ហើយយប់មិញសរុបជារួមយើងធ្វើការឃាត់ម៉ូតូ ៦៥គ្រឿង និងរថយន្ត ៦ គ្រឿង ចំណែកមនុស្ស ណែនាំឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ»។ លោកថា បន្ទាប់ពីម្ចាស់យានយន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃហើយ អាចទៅយកម៉ូតូ និងរថយន្តនៅតាមទីតាំងដែលបានឃាត់ទុក។
បើតាមលោក សុខសីហា ក្នុងប្រតិបត្តិការយប់មិញក៏មានករណីលើកលែងមួយចំនួនផងដែរ ចំពោះអ្នកធ្វើដំណើរដែលភ្ជាប់មកជាមួយឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ពីម៉ោងការងារវេនយប់ និងឯកសារផ្សេងៗ ខណៈម្ចាស់យានយន្តដែលត្រូវបានឃាត់ទុកនោះ គឺពុំមានឯកសារបញ្ជាក់ឡើយ។
លោកបានគូសបញ្ជាក់ថា នៅយប់ថ្ងៃទី៣ មេសា នេះ សមត្ថកិច្ចនឹងបន្តចុះអនុវត្តតាមបម្រាមគោចរឱ្យម៉ឺងម៉ាត់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានហាមការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីចន្លោះម៉ោង ៨យប់ ដល់ ម៉ោង ៥ទៀបភ្លឺ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែមេសា ២០២១៕
































