ភ្នំពេញ ៖ អ្នកជំងឺកូវីដ-១៩ ជាជនជាតិកូរ៉េអាយុ ៤៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៣៖៣០នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសកូរ៉េខាងលើនេះ ជាអ្នករស់នៅ BELLA VITA APARTEMENT St. 51។ គាត់បានទទួលលទ្ធផលវិភាគឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែមីនា ដោយបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសមៈ(ពេទ្យលោកសង្ឃ)។
ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ វិញ។ ប៉ុន្តែដោយសារតែស្ថានភាពធ្ងន់ធ្ងរតាំងពីពេលចូលសម្រាកព្យាបាលដំបូង រហូតឈានដល់ក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីសង្គ្រោះ នៅតែមិនអាចសង្គ្រោះបានឡើយ។
ក្រុមគ្រូពេទ្យសន្និដ្ឋានថា បុរសជនជាតិកូរ៉េរូបនេះស្លាប់ដោយសារវិបត្តិផ្លូវសង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩។
គួរជម្រាបថា បើរាប់ទាំងករណីស្លាប់មុនៗផង ការស្លាប់របស់បុរសជនជាតិកូរ៉េរូបនេះ គឺជាករណីស្លាប់ទី ១៩ហើយនៅប្រទេសដោយសារជំងឺកូវីដ-១៩៕
































