សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះចំនួន១២៦គ្រួសារនៅស្រុកកំពង់ត្រាច ដោយអ្នកស្រីត្រេន ស្រីមុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះ
ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ​ ។ ពិធី​នេះ ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​ ។​

ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើស​អ៊ើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិន​ដែល​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិន​មាន​ការដោះស្រាយ​អ្វី​ឡើយ​ ។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម អភិបាល ខេត្ត បាន​បន្តទៀតថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។

ឯកឧត្តម ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខា ភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា នូវ​វិធានការ ៣​ការពារ​(​ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង ៣​កុំ​(​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា​) ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​ ។​​អំណោយ​កាកបាទ ក្រហម​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥kg ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​១​កេះ និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បានឧ​ប​ត្ត​ម្ភ​ជូន​ទីប្រឹក្សា​ យុវជន យុវជន​កាកបាទក្រហម អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម នគរបាល កងរាជអាវុធហត្ថ និង​ប្រជា​ការពារ សរុប​ចំនួន​៥២​ម៉ឺន​រៀល​៕ By H.N