កងកម្លាំងមីយ៉ាន់ម៉ាសម្លាប់មនុស្ស២៥នាក់ក្នុងការឆ្មក់ចូលទីប្រជុំជនមួយ

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់កាលពីថ្ងៃសុក្រទី២កក្កដានៅក្នុងការប្រឈមមុខគ្នាមួយជាមួយអ្នកប្រឆាំងនឹងរបបយោធានៅទីប្រជុំជនមួយនៅភាគកណ្តាលប្រទេស នេះបើតាមអ្នកស្រុកម្នាក់និងសារព័ត៌មានបាននិយាយកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យយោធាមិនបានឆ្លើយតបនឹងការសុំបញ្ជាក់អំពីអំពើហិង្សានៅទីប្រជុំជនដេប៉ាយីន នេះទេ។កាសែតរដ្ឋ Global New Light of Myanmarបាននិយាយថាពួកភេរវករប្រដាប់អាវុធបានឆ្មក់វាយប្រហារលើកងកម្លាំងសន្តិសុខដែលល្បាតនៅទីនោះដោយបានសម្លាប់ពួកគេម្នាក់ និងបង្ករបួស៦នាក់។

ជនវាយប្រហារបានដកថយក្រោយការតតបពីកងកម្លាំងសន្តិសុខ។តែអ្នកស្រុកម្នាក់នៅទីប្រជុំជនដេប៉ាយីន បាននិយាយថា ទាហាន៤ឡានបានមកដល់ភូមិនៅព្រឹកថ្ងៃសុក្រ។

ពួកយុវជនដែលប្រឆាំងនឹងរបបយោធាបានតតាំងជាមួយទាហានដែលមានអាវុធទំនើបជាង។សរុបសាកសព២៥នាក់ត្រូវបានប្រមូលក្រោយការប្រយុទ្ធគ្នា។

យោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតមួយនាំអោយកើតមានការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងយោធានិងពួកយុទ្ធជនមកពីក្រុមជនជាតិភាគតិចជាច្រើនក្រុមដោយបង្ខំអោយមនុស្សជាង២៣០.០០០ចាកចោលផ្ទះសម្បែងរបស់គេ។

មនុស្សជាង៨៨៨នាក់ទៀតត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារឬរបបសឹកនិងជាង៥.២០០នាក់ត្រូវចាប់ខ្លួន៕