កូវីដ១៩ផ្ទុះនៅវៀតណាមខាងត្បូង ដោយក្រុងហូជីមិញក្លាយជាមជ្ឈមណ្ឌលផ្ទុះថ្មី

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់អំពីការឆ្លងកូវីដ១៩ថ្មីចំនួន៣២៨នាក់នៅ១១ទីតាំងនៅព្រឹកថ្ងៃចន្ទ ក្នុងនេះជាងពាក់កណ្តាលនៅទីក្រុងហូជីមិញភាគខាងត្បូង។ទីក្រុងពាណិជ្ជកម្មភាគខាងត្បូងនេះបានរាយការណ៍អ្នកឆ្លងថ្មី ១៧៥នាក់ និងខេត្តដុងថាបភាគខាងត្បូងមានអ្នកឆ្លងថ្មី១០០នាក់។

កាលពីថ្ងៃអាទិត្យ ទីក្រុងហូជីមិញ បានក្លាយជាកន្លែងរងគ្រោះដោយកូវីដ១៩ខ្លាំងជាងគេប្រចាំវៀតណាម នៅពេលចំនួនអ្នកឆ្លងកូវីដ១៩នៅរលកថ្មីនេះកើនដល់៦.២០៩នាក់ហួសខេត្តបាក់យ៉ាងភាគខាងជើង(៥.៦៦១នាក់)ដែលជាប្រភពផ្ទុះកូវីដ១៩រលកបច្ចុប្បន្ន ។

កាលពីថ្ងៃសៅរ៍ វៀតណាមជួបការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺ ៩១៤នាក់ ក្នុងនោះ ៧១៤នាក់នៅក្រុងហូជីមិញ។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃ២៧មេសាមកនៅពេលកូវីដ១៩រលកថ្មីចាប់ផ្តើមវាយប្រហារវៀតណាម មានការឆ្លងក្នុងសហគមន៍ចំនួន១៦.៧៨២នាក់ នៅ៥៥ខេត្តក្រុងក្នុងចំណោម៦៣ខេត្តក្រុងរបស់វៀតណាម៕