ភ្លើងឆេះព្រៃអាក្រក់បំផុតមិនធ្លាប់មានរាប់ទសវត្សរ៍សម្លាប់មនុស្ស៤នាក់នៅប្រទេសស៊ីប

ប្រទេសស៊ីបបាននិយាយថា ភ្លើងឆេះព្រៃដ៏ប្រល័យ ដែលជាភ្លើងព្រៃអាក្រក់បំផុតមិនធ្លាប់វាយប្រហារប្រទេសកោះនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍គឺជិតពន្លត់បានសម្រេចហើយកាលពីថ្ងៃអាទិត្យទី៤កក្កដា បន្ទាប់ពីការទម្លាក់គ្រាប់បែកទឹកដោយយន្តហោះរបស់ក្រិកនិងអ៊ីស្រាអែល។ជំរុញដោយខ្យល់បក់ខ្លាំង អគ្គិភ័យបានឆាបឆេះកាលពីរសៀលថ្ងៃសៅរ៍ហើយរាលដាលទូទាំងតំបន់វាលស្មៅភាគខាងត្បូងនៃជួរភ្នំទ្រូដូស ខណៈប្រទេសកំពុងជួបប្រទះនូវរលកកម្តៅក្តៅបែកក្រហែង។

អគ្គិភ័យ ដែលពណ៌នាដោយក្រសួងព្រៃឈើថាអាក្រក់បំផុតចាប់តាំងពីការបង្កើតសាធារណរដ្ឋស៊ីបនៅឆ្នាំ ១៩៦០ បានសម្លាប់កម្មករអេហ្ស៊ីបចំនួន ៤ នាក់ បំផ្លាញផ្ទះចំនួន ៥០ ខ្នងបំផ្លាញខ្សែបណ្តាញអគ្គិសនី និង បង្ខំឱ្យមនុស្សចំនួន១០ភូមិជម្លៀសខ្លួន។លោក អាគីស ជ័រជីវ អាយុ ៤៥ ឆ្នាំមកពីភូមិអារ៉ាកាប៉ាស និយាយថា “អ្វីៗទាំងអស់គឺជាសុបិនអាក្រក់និងជាឋាននរកសុទ្ធសាធនៅទីនេះ។

ភូមិទាំងមូលត្រូវបានឡោមព័ទ្ធដោយភ្លើង”។ត្រឹមយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលបានរាយការណ៍អំពី “ការថយចុះអណ្តាតភ្លើង” ដោយសារ “ការទម្លាក់ទឹកប្រកបដោយប្រសិទ្ធភាពដោយយន្ដហោះក្រិកនិងអ៊ីស្រាអែល”។អគ្គីភ័យបានបំផ្លាញព្រៃឈើនិងដីស្រែទំហំ ៥៥ គីឡូម៉ែត្រក្រឡា៕