អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកហ្ស៊ូម៉ាទីបំផុតសុខចិត្តយល់ព្រមចូលពន្ធនាគារ

បន្ទាប់ពីឈុតឆាកសម្តែងលឹបលៗជាច្រើនថ្ងៃ មុនពេលយល់ព្រមប្រគល់ខ្លួន អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកយ៉ាកូប ហ្ស៊ូម៉ាបានសុខចិត្តទទួលយកការកាត់ទោសជាប់គុក ១៥ ខែកាលពីថ្ងៃព្រហស្បតិ៍ទី៨កក្កដា បន្ទាប់ពីបានចំណាយពេលមួយយប់នៅក្នុងគុក។

អតីតអ្នកទោសនៃរបបអាផាថេតរូបនេះបានធ្វើឱ្យប្រជាជនមួយប្រទេសព្រួយបារម្ភក្នុងចិត្ត ដោយព្យាយាមរកគ្រប់មធ្យោបាយស្របច្បាប់ដើម្បីគេចវេសពីការជាប់ពន្ធនាគារប៉ុន្តែទីបំផុតលោកហ្ស៊ូម៉ាបានក្លាយជាអ្នកទោសបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។

នេះជាលើកទីមួយហើយដែលអតីតប្រធានាធិបតីត្រូវបានដាក់ពន្ធនាគារនៅអាហ្វ្រិកខាងត្បូងក្រោយរបបអាផាថេត។លោកបានប្រគល់ខ្លួនឱ្យគេចាប់ដាក់ពន្ធនាគារដែលទើបកែលម្អថ្មីនៅក្នុងទីក្រុងរ៉ែតូចមួយឈ្មោះថា អេសខត ក្នុងខេត្តក្វាហ្ស៊ូលូណាតាល់ បន្ទាប់ពីប៉ូលិសព្រមានចូលចាប់ដល់ក្នុងផ្ទះ។

ការកាត់ទោសជាប់ពន្ធនាគារ១៥ខែដល់លោកហ្ស៊ូម៉ាដោយតុលាការធម្មនុញ្ញកាលពីសប្តាហ៍មុនពីបទមិនសហការជាមួយក្រុមមន្ត្រីស៊ើបអង្កេតអំពើពុករលួយ។

ប្រជាជនអាហ្វ្រិកខាងត្បូងជាច្រើនបានសាទរចំពោះការជាប់ឃុំរបស់ហ្ស៊ូម៉ាថាជាពេលវេលារបត់មួយ ដែលនឹងពង្រឹងនីតិរដ្ឋនៅក្នុងប្រទេស។អតីតអ្នកបង្ក្រាបអំពើពុករលួយនិងជាអតីតអ្នកស៊ើបអង្កេតឯករាជ្យ លោកស្រី ធូលី ម៉ាដោនសេឡា បានសាទរការជាប់គុកនេះថាជា “ថ្ងៃដ៏រុងរឿង ដែលនីតិរដ្ឋតែងតែឈ្នះជានិច្ច”៕