សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាកំពុងត្រូវបានពិភក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំពុងចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ។

នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាព្រឹកថ្ងសទី ៩ ខែ កក្កដានេះ ។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាសេចក្តីព្រាងច្បាប់ថ្មីមួយដែលត្រូវបានផ្តួចផ្តើមនិងចង្អុលបង្ហាញដោយឯកសារគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ។ ក្នុងន័យនេះការងារសិក្សាស្រាវជ្រាវនិងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះត្រូវបានធ្វើឡើងយ៉ាង ម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក. អ. ក)។

សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកប ដោយភាពអំណោយផលសម្រាប់ការវិនិយោគដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសប្រកបដោយគុណភាពប្រសិទ្ធភាពនិងប្រសិទ្ធផលសំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព,ភាព អាចប៉ាន់ប្រមាណទុកជាមុនបាន,គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច ។

ការធ្វើទំនើបកម្មការបង្កើន ផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធនការ ផ្ទេរបច្ចេកវិទ្យា,ចំណេះដឹង និងចំណេះធ្វើ ។ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ ឋកិច្ចអាចធ្វើពិពិធកម្មបាននិងធន់ទៅនឹងវិបត្តិ ក្នុងតំបន់និងសកលលោកនិងការផ្តល់ការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នេះបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេក ទេស ការបង្កើតការងារ ការបណ្តុះបណ្តាល ជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និង នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម ។

ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះបានកែសម្រួលនិងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (តទៅនេះហៅថា គ.ល. គ.) ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនវិនិយោគិនសេចក្តីព្រាងច្បាប់ នេះក៏បានរំលេចនូវយន្តការនៃការពិនិត្យនិងសម្រេចលើការវិនិយោគឯកជន និង ការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគតាមរយៈការធ្វើប្រតិភូកម្ម ទៅរដ្ឋបាលរាជធានី ខេត្ត។

ទន្ទឹមគ្នានេះក្នុងន័យបង្កើនភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជា, សេចក្តីព្រាងច្បាប់នេះ បានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី ៣១ ថ្ងៃនៃថ្ងៃធ្វើការមកត្រឹម ២០ថ្ងៃនៃថ្ងៃធ្វើការតាមរយៈការលុបបំបាត់ “វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ” និង “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដោយ ជំនួសមកវិញនូវការចេញ “វិញ្ញាបនបត្រចុះបញ្ជី” តែមួយគត់ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានផងដែរតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ។

សេចក្តីព្រាងច្បាប់ក៏បានពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយរបស់ ក. អ. ក. ដើម្បីឱ្យការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីនេះអាចអនុ វត្តទៅបានប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការអនុ ម័តបញ្ជីមេរបស់គម្រោងវិនិយោតផងដែរ ។

លើសពីនេះដើម្បីកាត់បន្ថយបន្ទុកដល់វិនិយោគិន ចំពោះកាតព្វកិច្ចនៃអនុលោមភាពច្បាប់ដូចជាការចុះអធិការកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះបានកែ សម្រួលយន្តការស្ថាប័នដោយបាន ដាក់ចេញនូវការពង្រឹងយន្តការតាមដាននិងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធតាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយនិងរួមគ្នា ។

សេចក្តីព្រាងច្បាប់បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបានទៅ លើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់,បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែ ច្រវាក់ផលិតកម្មនិងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកល ។

របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុងសេចក្តីព្រាងច្បាប់ត្រូវបានបែងចែកជា៣ប្រភេទគឺ៖ការលើកទឹកចិត្តមូលដ្ឋាន,ការលើកទឹកចិត្តបន្ថែមនិងការលើកទឹកចិត្តពិសេស ។

ចំពោះការលើកទឹកចិត្តមូលដ្ឋាន របបលើកទឹកចិត្តនេះត្រូវបានបែងចែកបន្ថែមជា ២ជម្រើសផ្សេងគ្នា អាស្រ័យការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ដោយជម្រើ សទី១ គឺផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលចាប់ពី៣ឆ្នាំរហូតដល់ ៩ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត។ជម្រើសទី២.គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូល ធនតាមរយៈការរំលស់ពិសេសនិងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀតសម្រាប់រយៈពេលរហូតដល់ ៩ ឆ្នាំនិងការលើកទឹកចិត្ត ផ្សេងៗទៀត។

បន្ថែមលើនេះ គ. ល. ត ក៏នៅទទួលបាននូវការលើកទឹកចិត្តបន្ថែមដទៃទៀត ដូចជាការលើកលែងពន្ធគយ អាករពិសេសនិងអាករលើតម្លៃ បន្ថែមទៅលើសម្ភារៈសាងសង់,បរិក្ខារសំណង់, សម្ភារៈបរិក្ខារផលិតកម្ម,និងធាតុចូលផលិតកម្មរបស់ខ្លួនទៅតាមប្រភេទតម្រោងវិនិយោគនីមួយៗ។

សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនបានដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិនសេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជា អន្តរជាតិមួយចំនួនរបស់កម្ពុជាដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគនិងផ្តល់ការធានាដោយអនុ លោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើងព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោករួមទាំងកម្ពុជាផងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ម្រាប់ប្រទេសកម្ពុជាដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕