ដោយទទួលបាន ការគាំទ្រទាំងស្រុង ពីគណៈកម្មការជំនាញ នៃរដ្ឋសភា កម្ពុជានឹងដាក់សេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំ ការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដែលប្រព្រឹត្តទៅ តាមប្រព័ន្ធ វីដេអូ ក្រោមវត្តមានលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានលើកឡើងថាៈ គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ដើម្បីអាចចូលជាធរមានបាន នៅដើមឆ្នាំ២០២២ ខាងមុខ។
ក្នុងអង្គប្រជុំនោះ ឯកឧត្តម រដ្ឋមន្ត្រី បានរៀបរាប់ អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖ ការទទួលបានការបើកទីផ្សារ ឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផល ជាច្រើនទៀត ស្របពេលដែលកម្ពុជា អាចផលិតបាន និងអនុលោម តាមវិធានអនាម័យ និងស្តង់ដារ, ការទទួលបានលំហូរ ទីផ្សារពាណិជ្ជកម្ម សេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមាន ការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិ គ្រប់គ្រាន់ ជាពិសេស នៅពេលដែលកម្ពុជា អាចពង្រឹងខ្លួនឯង ឱ្យរឹងមាំ ក្នុងវិស័យសេវាកម្ម នាពេលអនាគត, ផ្តល់កាលានុវត្តភាព ផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន ដែលនឹងផ្តល់ឱកាស ដល់ធុរជនកម្ពុជា ដែលមានបំណង ពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញ ឱ្យកាន់តែសម្បូរបែប ទៅកាន់ទីផ្សារចិន, ការទទួលបានផលប្រយោជន៍ ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់ របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ ចូលរួមពង្រឹងដល់ វិស័យផលិតកម្មក្នុងស្រុក និងការរៀបចំ និងការបង្កើតនូវ បរិយាកាសវិនិយោគ និងនយោបាយ ទាក់ទាញវិនិយោគទុន ពីបរទេសជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំទៀតថាៈ ការសម្រេចបាននូវ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ពិតជាបានចូលរួម អនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្ម ខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល។
ជាពិសេស ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ ដែលកិច្ចព្រមព្រៀង នេះ ក៏នឹងជួយដល់យុទ្ធសាស្ត្រ ស្តារឡើងវិញនូវ សេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញី យ៉ាងធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមាន ភាពសុំានៃសង្គម-សេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មី នៃសង្គមកម្ពុជា តាមរយៈកំណើន នៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគ ចូលមកកម្ពុជា ដែលនឹងជួយបង្កើត ការងារ និងចំណូលជូន ប្រជាពលរដ្ឋយើង៕
































