ប្រធានាធិបតីអាមេរិក បានប្រកាសថា «បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន នឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា, ប្រជាជនអាហ្វហ្គានីស្ថានមាន សិទ្ធិ និងទំនួលខុសត្រូវ ដើម្បីកំណត់ជោគវាសនាខ្លួនឯង»

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា បេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ពោលគឺមានរយៈពេលជិត ២០ឆ្នាំបន្ទាប់ពីវាបានចាប់ផ្ដើម។

លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយ នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោនថា យោធាអាមេរិកបាន «សម្រេចគោលដៅ» របស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់អតីតមេដឹកនាំក្រុមភេវរករអាល់កៃដា លោក អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) និងបានរារាំងការវាយប្រហារបន្ថែមទៀត ទៅលើសហរដ្ឋអាមេរិកទៅហើយ។

លោក បៃដិន បានលើកឡើងថា «យើងកំពុងបញ្ចប់សង្គ្រាមដ៏យូរបំផុត របស់សហរដ្ឋអាមេរិកនេះហើយ។ ការធ្វើបែបនេះ មិនមែនជាជម្រើសទេ។ ខ្ញុំនឹងមិនបញ្ជូនទាហានអាមេរិកជាថ្មីឲ្យទៅធ្វើសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថានទៀតឡើយ»។

លោក បៃដិន បានលើកឡើងបន្ថែមថា «សហរដ្ឋអាមេរិកមិនអាចមានលទ្ធភាព បន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ដែលត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោក ដូចកាលពី ២០ឆ្នាំមុនឡើយ។ យើងចាំបាច់ត្រូវឆ្លើយតបនឹងការគំរាមកំហែង ដែលកំពុងកើតមាននាពេលសព្វថ្ងៃនេះ។ សហរដ្ឋអាមេរិកក៏មិនបានទៅអាហ្វហ្គានីស្ថាន ដើម្បីកសាងប្រទេសនោះដែរ។ ពេលនេះវាជាសិទ្ធិ និងទំនួលខុសត្រូវរបស់ប្រជាជនអាហ្វហ្គានីស្ថានតែម្នាក់ឯង ដើម្បីសម្រេចនូវអនាគតរបស់ពួកគេ»។

ទោះជាយ៉ាងណា លោក បៃដិន បានសន្យាថា នឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដដែល ដោយបាននិយាយថា អ្នកបកប្រែអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្វើការឱ្យកងកម្លាំងអាមេរិក ក៏ដូចជាកំពុងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ក្រុមឧទ្ទាមតាលីបង់ (Taliban) នឹងអាចស្វែងរកការជ្រកកោន នៅក្នុងសហរដ្ឋអាមេរិកបាន។ លោក បៃដិន បានលើកឡើងថា «យើងមានផ្ទះសម្រាប់អ្នកនៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកជ្រើសរើស។ យើងនឹងឈរនៅជាមួយអ្នក ដូចដែលអ្នកបានឈរនៅជាមួយយើងដែរ»៕