ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ «១១៦នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ម្នាក់ទៀតស្លាប់

យោងតាមការចេញផ្សាយដោយសារព័ត៌មាន ឡាវ Timesបានអោយដឹងថា អាជ្ញាធរសុខាភិបាល
ឡាវ បានចេញសេចក្តីប្រកាសមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា មនុស្សសរុបរហូតដល់ទៅ ១,៤៥១នាក់ ត្រូវបានធ្វើតេស្តរក COVID-19 កំលុងពេល ២៤ម៉ោង កន្លងទៅនេះ ហើយក្នុងនោះ ១១៦នាក់ចេញលទ្ធផល «វិជ្ជមាន»។

ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយ នេះកើនឡើងដល់ ៣,០៩២ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប ដោយសារ COVID-19 កើនឡើងដល់ ០៤នាក់។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺមាន តែពីរករណីប៉ុណ្ណោះ ដែលជាប្រភេទករណីឆ្លងសហគមន៍ ក្នុងនោះមួយករណីត្រូវរកឃើញនៅទី ក្រុងវៀងច័ន្ទ និងមួយករណីទៀតនៅខេត្តឧត្តមសៃ (Oudomxay)។

សម្រាប់ករណីនាំចូលវិញ គឺខេត្ត សាវណ្ណាខេត្ត (Savannakhet) បានរកឃើញរហូតដល់ ៦៧ ករណី និងខេត្ត ចម្ប៉ាសាក់ ៤១ករណី នៅក្នុងកំលុងពេល ២៤ម៉ោងដូចគ្នា។ នេះជារកឃើញករណីឆ្លងយ៉ាងច្រើនបំផុតមួយ ក្រោយពីប៉ុន្មានសប្តាហ៍ដែលប្រទេសឡាវ បានជួប ភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរលើកដំបូង កាលពីអំឡុងខែមេសា ឆ្នាំ២០២១៕