ទោះនៅក្នុងបរិបទនៃការរីករាលដាលកូវីដ ១៩ ប៉ុន្តែការនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជាមានការកើនឡើងនៅក្នុងរយៈពេលមួយឆមាសទីមួយដើមឆ្នាំ ២០២១ ។
យោងទៅតាមរបាយការណ៍ពន្ធគយនៅឆមាសទីមួយដើមឆ្នាំ បានឲ្យដឹងថា ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤.៧២១,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០,១ លានដុល្លារអាមេរិក ស្មើនឹង ០,៩%។
ប្រភពដដែលបានបន្តថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ១.៨៩៩,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២,៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩,៩%។
ប្រភពដដែលបានបញ្ជាក់ថា “កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរបាន ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិ ស័យឧស្សាហកម្មនៅកម្ពុជា” ៕
































