ប៉ូលិសសន្តិសុខជាតិហុងកុងកាលពីថ្ងៃពុធទី២១កក្កដាបានចោទប្រកាន់អតីតបុគ្គលិកជាន់ខ្ពស់បួននាក់នៅកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily ពីបទឃុបឃិតជាមួយបរទេសដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកាសែតនេះត្រូវបានបង្ខំឱ្យបិទទ្វារក្រោយពីអាជ្ញាធរបង្កកទ្រព្យសម្បត្តិរបស់វា។
យោងតាមកាសែត South China Morning Post ដែលបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោក ឡាំ ម៉ាន់ជុង ជានិពន្ធនាយកប្រតិបត្តិរបស់ Apple Dailyត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ។ គាត់គឺជាមនុស្សទី ៨ ពីកាសែតនេះ ដែលត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អតីតអ្នកកាសែត Apple Daily បីនាក់ផ្សេងទៀត គឺអ្នកបោះពុម្ពផ្សាយនិងជាអនុប្រធាននិពន្ធនាយកលោក ចាន់ ពុយម៉ាន់ និងអ្នកនិពន្ធវណ្ណកម្មលោក ហ្វុង វ៉ៃកុង និង លោកយឿង ឈីងគី ក៏ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធនេះដែរ បន្ទាប់ពីសិទ្ធិស្នាក់នៅក្រៅឃុំរបស់ពួកគេត្រូវបានដកហូត។
ពួកគេទាំងបួននាក់ត្រូវបានចោទប្រកាន់ពីបទ “សមគំនិតឃុបឃិតជាមួយប្រទេសក្រៅឬជាមួយកម្លាំងពីខាងក្រៅ”ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនៅក្រោមច្បាប់សន្តិសុខជាតិអាយុមួយឆ្នាំរបស់ទីក្រុងហុងកុង។
លោកចាន់ស្ថិតក្នុងចំណោមនាយកប្រតិបត្តិនិងនិពន្ធនាយករបស់ Apple Daily ទាំងប្រាំនាក់ដែលគេចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែមិថុនាខណៈលោកយឿងនិងហ្វុងត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលិស។ លោកហ្វុងត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានខណៈប៉ុនប៉ងចាកចេញទៅចក្រភពអង់គ្លេស។
ប៉ូលិសបានបញ្ជាក់ថាពួកគេបានចោទប្រកាន់ពីបទឃុបឃិតជាមួយជនបរទេសប្រឆាំងនឹងមនុស្សបួននាក់ ដែលមានអាយុចន្លោះពី ៥១ ដល់ ៥៧ ឆ្នាំប៉ុន្តែមិនបានបញ្ចេញអត្តសញ្ញាណពួកគេទេ។ ពួកគេនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃព្រហស្បតិ៍នេះ៕
































