តុលាការកំពូលហ្វីលីពីនសម្រេចថា តុលាការ ICCនៅតែមានយុត្តាធិការលើសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឌុយតឺតេ

ចៅក្រមកំពូលរបស់ហ្វីលីពីនបានចេញសេចក្តីសម្រេចថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អាចកាត់ទោស “ឥស្សរជនរដ្ឋាភិបាល”ចំពោះបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់មុនពេលប្រទេសនេះដកខ្លួនចេញពីសាលាក្តីនេះ ដែលផ្ទុយពីការអះអាងរបស់ប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយតឺតេ ដែលនិយាយថា ICC គ្មានយុត្តាធិការទេ។

សេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានធ្វើឡើងកាលពីខែមីនាប៉ុន្តែទើបតែបញ្ចេញជាសាធារណៈកាលពីថ្ងៃពុធទី២១កក្កដា កើតឡើងខណៈរដ្ឋអាជ្ញានៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោកកំពុងស្វែងរកការស៊ើបអង្កេតយ៉ាងពេញទំហឹងចំពោះសង្គ្រាមគ្រឿងញៀនរបស់លោកឌុយតឺតេ ដែលក្រុមសកម្មជនប៉ាន់ស្មានថាបានសម្លាប់មនុស្សរាប់ពាន់នាក់។

លោកឌុយតឺតេ បានជាប់ឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ តាមការសន្យាដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនរបស់ប្រទេសឱ្យបានហើយគាត់បានបញ្ជាឱ្យប៉ូលិសបាញ់សម្លាប់ជនសង្ស័យក្នុងករណីដែលពួកគេស្ថិតក្នុងគ្រោះថ្នាក់។លោកប្រធានាធិបតីបាននិយាយថាលោកនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់ ICCទេ ដោយអះអាងថា សាលាក្តីនេះពុំមានយុត្តាធិការលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ។ហ្វីលីពីនបានចាកចេញពីតុលាការ ICC ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីតុលាការបានបើកការត្រួតពិនិត្យបឋមលើការបង្ក្រាបគ្រឿងញៀន។

ប៉ុន្តែសមាជិកចៅក្រមពេញលេញនៃតុលាការកំពូលមិនយល់ស្របទេ ដោយចេញសេចក្តីសម្រេចថា តុលាការ ICC”នៅតែមានយុត្តាធិការលើរាល់សកម្មភាពដែលបានប្រព្រឹត្តដោយតួអង្គរដ្ឋាភិបាលរហូតដល់ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០១៩” ពោលគឺត្រួតស៊ីគ្នាលើរយៈពេល ៣ ឆ្នាំដំបូងនៃតំណែងប្រធានាធិបតីនិងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែត។

ចៅក្រម ១៥ រូបបាននិយាយនៅក្នុងសេចក្តីសម្រេចមួយដែលបានច្រានចោលញត្តិរបស់ព្រឹទ្ធសមាជិកបច្ចុប្បន្ននិងអតីតព្រឹទ្ធសមាជិកចំនួន ៦រូបដែលជជីកដេញដោលការសម្រេចចិត្តរបស់លោកឌុយតឺតេ ក្នុងការចាកចេញពី ICC យ៉ាងដូច្នេះថា”ការដកខ្លួនចេញនេះ…មិនប៉ះពាល់ដល់ការទទួលខុសត្រូវរបស់បុគ្គលដែលត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះអំពើដែលបានប្រព្រឹត្តរហូតមកទល់ពេលនេះនោះទេ”៕