សាកសព៣នាក់រួមមានសពកូវីដ១៩ ត្រូវបានទុកចោលលើផ្លូវនៃក្រុងបាងកករាប់ម៉ោង

ពួកអ្នករិះគន់បានចោទប្រកាន់រដ្ឋាភិបាលថាទុកអោយសេវាសុខាភិបាលសាធារណៈដួលរលំ ក្រោយសាកសពមនុស្ស៣នាក់ ត្រូវបានប្រទះឃើញស្លាប់នៅតាមដងវិថីនៃក្រុងបាងកក ដោយម្នាក់មានផ្ទុកជំងឺកូវីដ១៩ ។សាកសពទាំងនេះត្រូវបានទុកចោលលើដងផ្លូវរាប់ម៉ោងមុនពេលឡានពេទ្យមកដល់។

បើតាមការចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុក បុរសកើតកូវីដ១៩ម្នាក់បានដួលនៅពេលព្រឹកនិងក្រោយមកបានស្លាប់នៅពេលអ្នកជួយសង្គ្រោះព្យាយាមធ្វើគាត់រស់ឡើងវិញ។បុរសនេះ ត្រូវបានទុកចោលលើផ្លូវអស់១២ម៉ោង។ប៉ូលិសបានបញ្ជាក់នៅពេលរសៀលថ្ងៃពុធថា ការធ្វើតេស្តិ៍បង្ហាញថា ជនរងគ្រោះកើតកូវីដ១៩ តែមិនមានអ្វីសំរាប់សំគាល់អត្តសញ្ញាណទេ។

អ្នកស្លាប់តាមដងផ្លូវ២នាក់ទៀត មានតែម្នាក់ដែលមានកាតសំគាល់អត្តសញ្ញាណ។

អតីតសមាជិកក្រុមសិទ្ធិមនុស្សថៃ លោកស្រី អាងខាណា នីឡាផាយជីត កាលពីថ្ងៃពុធ បានហៅរដ្ឋាភិបាលបច្ចុប្បន្នថា«គ្មានចិត្តមេត្តា» ដោយសារតែមនុស្សជាច្រើនត្រូវបានទុកចោលនៅតាមដងផ្លូវដោយគ្មានឳកាសទទួលបានការព្យាបាលសុខភាព។

ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យនិងសមាជិកសភាបក្សប្រឆាំងថៃ បាននិយាយថា នាយករដ្ឋមន្ត្រីថៃមិនមានផែនការដោះស្រាយវិបត្តិសុខភាពនេះទេ ដោយទុកអោយប្រជាជនស្លាប់នៅតាមដងផ្លូវ។ការរិះគន់របស់គេកើតឡើងក្រោយពីសាកសពមនុស្ស៣នាក់ត្រូវបានប្រទះឃើញស្លាប់នៅតាមវិថីនៃក្រុងបាងកកកាលពីថ្ងៃអង្គារ ។

ទោះជាយ៉ាងណា ផ្នែកសេវាឡានពេទ្យបានបកស្រាយថា ក្រុងបាងកកកំពុងផ្ទុះកូវីដ១៩ ហើយរថយន្តជាប់ដឹកអ្នកជំងឺជាប់រហូត មុនពេលអាចឆ្លៀតមកដឹកដាកសពតាមដងផ្លូវនេះ៕