(ភ្នំពេញ)៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថាជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូល ដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះ ទៅជើងឯក គិមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់ ១០០ភាគរយហើយ ដោយ ក្រុមការងារស្តារកាយយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង ២ម៉ឺនម៉ែត្រគូប, សំរាម និង ស្មៅជាង២០០០ម៉ែត្រគូបផងដែរ ដែលបានធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាច បញ្ជៀសបាននូវការលិចលង់ភូមិឋានប្រជាពលរដ្ឋ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា «ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជា ពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមាន អង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥ យ៉ាងសកម្ម ហើយបើគិតមកដល់ត្រឹមល្ងាចថ្ងៃទី២១ កក្កដា ម្សិលមិញ ការស្តារប្រឡាយលូ៥ នេះបានបញ្ចប់ ១០០ភាគរយហើយ ដែលធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២ កក្កដានេះ ក្រុមការងារបានចល័តកម្លាំង និងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពន់ថែមទៀត»។
ដោយឡែកលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក ដែលចុះធ្វើការងារផ្ទាល់ បានបញ្ជាក់ថា ការស្តារប្រឡាយបឹងទំពន់ ដែលនៅសេសសល់ ប្រវែងប្រមាណ១០០ម៉ែត្រទៀតនោះ ក្រុមការងារនឹងសម្រុកធ្វើឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ទៀតនេះ។
ជាមួយគ្នានេះដែ លោក ដួង ចាន់សារ៉ាត់ បានគូសបញ្ជាក់ថា «ប្រឡាយលូ៥ មានប្រវែងជាង ១,០០០ម៉ែត្រ ទទឹងមានទំហំពី១៥ ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេង ដល់ស្ថា នីយបូមទឹកលូ៥។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយ កាលល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រ ឡាយម័លនិងបន្តចុះទៅជើងឯក»។
លោក ដួង ចាន់សារ៉ាត់ បានបន្ថែមថា ការស្តារប្រឡាយលូ៥នេះ ក្រុមការងារស្តារភក់ចេញបាន ចំនួន ២១,៣៧៥ម៉ែត្រគូ , សំរាម និងស្មៅបានចំនួន ២,២៥០ម៉ែត្រគូប។ ដូច្នេះ លោកស្នើសូមឱ្យ ប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕































