(គូឡាឡាំពួរ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រាប់អោយដឹងថា សមាជិកសភាម៉ាឡេស៊ីមកពីទីក្រុង Muar លោក ស៊ីយ៉ីដ សាឌីក ស៊ីយីដ អាប់ឌុល រ៉ស់ម៉ាន (Syed Saddiq Syed Abdul Rahman) ត្រូវបាន តុលាការចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ត និងកិបកេងមូលនិធិនៃអតីតគណបក្សរបស់លោក គឺគណបក្ស Bersatu។
លោក Syed Saddiq ត្រូវបានតុលាការក្នុងទីក្រុងគូឡាឡាំពួរ ចោទប្រកាន់ នៅថ្ងៃព្រហស្បតិ៍នេះពីបទរំលោភសេចក្ដីទុកចិត្តមានជាប់ពាក់ព័ន្ធនឹងលុយ១លានរីងហ្គិត ឬស្មើនឹង ២៣៦,០០០ដុល្លារ និងកិបកេងមូលនិធិដែលជាអំណោយសម្រាប់គណបក្ស Bersatu ទុកយកទៅ ប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតសកលលើកទី១៤។
បើតាមការចោទប្រកាន់ខាងលើរបស់តុលាការ លោក Syed Saddiq បានដកលុយ ១លានរីងហ្គិត តាមរយៈសែកដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាកំពូលនៃគណបក្ស Bersatu ហើយសកម្ម ភាពនេះត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។
បទចោទនេះត្រូវបានចោទប្រកាន់នៅក្រោមក្រមព្រហ្មទណ្ឌ ត្រង់ផ្នែកទី៤០៥ ដែលកំណត់ទោស ជាប់ពន្ធនាគារច្រើនបំផុត១០ឆ្នាំ និងពិន័យជាប្រាក់។
បន្ថែមពីលើនេះ តុលាការក៏បានចោទ ប្រកាន់លោក Syed Saddiq ពីបទកិបកេងប្រាក់អំណោយ ១២០,០០០ រីងហ្គិត ទុកសម្រាប់គណ បក្ស Bersatu ប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកលលើកទី១៤ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ លោក Syed Saddiq បានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់។ អតីតរដ្ឋមន្ត្រី វ័យក្មេងរូបនេះត្រូវបង់ប្រាក់តម្កល់ ៣៣៣,០០០រីងហ្គិត ដើម្បីនៅក្រៅឃុំ។
សូមជម្រាបថា លោក Syed Saddiq គឺជាអតីតរដ្ឋមន្ត្រីយុវជន និងកីឡារបស់ម៉ាឡេស៊ី នៅក្រោម អតីតរដ្ឋាភិបាលរបស់លោក មហាធៀ មហាំម៉ាត់។ តែលោក ត្រូវបានគេបណ្ដេញចេញពីគណបក្ស កាលពីខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីគណបក្ស Bersatu ដើរចេញពីគណបក្សចម្រុះ Pakatan Harapan (PH)៕































