លោក ចូ បៃដិន និងមេដឹកនាំអ៉ីរ៉ាក់ សម្រេចកិច្ចព្រមព្រៀងមួយ ដែលនឹងបញ្ចប់បេសកកម្មប្រយុទ្ធ នៃយោធាអាមេរិកនៅអ៉ីរាក់

(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១គឺបានបញ្ជាក់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក មូស្ដាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅថ្ងៃចន្ទ សប្ដាហ៍នេះបានឈានដល់ កិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងឆ្នាំ២០២១ ដែលវាមានរយៈពេលជាង ១៨ឆ្នាំហើយ បន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានបញ្ជូនទៅកាន់ប្រទេសនោះ។

លោក បៃដិន និងលោក កាឌីមី បានជួបគ្នានៅឯការិយាល័យ អូវ៉ល (Oval) នៃសេតវិមានទីក្រុងវ៉ាស៊ីនតោន ដែលជាការជួបផ្ទាល់ ជាលើកដំបូងរបស់មេដឹកនាំទាំងពីរ និងជាផ្នែកមួយនៃកិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ាក់។

លោក ចូ បៃដិន បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈលោកផ្ទាល់ និងលោក កាឌីមី បានជួបពិភាក្សាគ្នាយ៉ាងដូច្នេះថា «តួនាទីរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងបន្ត ដើម្បីជួយបណ្តុះបណ្តាល សង្គ្រោះ និងដោះស្រាយជាមួយក្រុមភេរវករ ISIS នៅពេលដែលវា លេចឡើង… ប៉ុន្តែយើងនឹងមិនធ្វើបេសកកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតនោះទេ នៅក្រោយ ដំណាច់ឆ្នាំ២០២១នេះ…»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានកងទ័ពអាមេរិកប្រមាណ ២,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែល ផ្តោតសំខាន់លើការប្រឆាំងនឹង វត្តមាននៅសល់តិចតួចនៃពួក ISIS។ តួនាទីរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ នឹងផ្លាស់ប្តូរទាំងស្រុងទៅជាការជួយបណ្តុះបណ្តាល និងណែនាំដល់យោធាអ៊ីរ៉ាក់ ឱ្យការពារខ្លួនដោយខ្លួនឯងវិញ៕