ប្រទេសឥណ្ឌាចាប់ផ្តើមបោសម្អាតកំទេចកំទីបំណាក់ដីនិងទឹកជំនន់នៅពេលភ្លៀងថយចុះ

ពួកអ្នកជួយសង្គ្រោះបានលុយទឹកភក់ត្រឹមចង្កេះនៅឥណ្ឌាខាងលិចកាលពីថ្ងៃចន្ទទី២៦កក្កដា ដើម្បីចូលទៅដល់អ្នកស្រុកដែលរងរបួសហើយចាប់ផ្តើមការងារសម្អាតដ៏ធំមួយក្រោយភ្លៀងរដូវវស្សាបង្កការបាក់ដីនិងទឹកជំនន់សម្លាប់មនុស្សយ៉ាងតិច១៥៩នាក់។

ឆ្នេរខាងលិចឥណ្ឌារងព្យុះភ្លៀងធ្ងន់ធ្ងរនៅប៉ុន្មានថ្ងៃមកនេះដោយមនុស្ស១ភាគ៤លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់គេនៅក្នុងរដ្ឋចំនួន៣និងចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតំបន់ធំល្វឹងល្វើយ។

ពួកអ្នកជំនាញការនិយាយថា បំរែបំរួលអាកាសធាតុបង្កើនភាពញឹកញាប់និងកម្លាំងព្យុះប្រចាំឆ្នាំ ដែលសំខាន់ក្នុងការបំពេញទឹកនៅតាមដងទន្លងស្ទឹងព្រមទាំងទឹកក្រោមដីឡើងវិញតែវាក៏បង្កការស្លាប់មនុស្សនិងបំផ្លាញដ៏អន្តរាយ។

អ្នកនាំពាក្យក្រុមជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «ការផ្តោតអារម្មណ៍ឥឡូវដូរទៅជួយជម្លៀសអ្នករងរបួសនិងស្តារចរន្តអគ្គិសនីឡើងវិញ នៅពេលទឹកចាប់ផ្តើមស្រក។ការធ្លាក់ភ្លៀងបានឈប់នៅផ្នែកជាច្រើននិងទឹកក៏ស្រក។យើងជួយការងារសម្អាត ការងារសង្គ្រោះនិងការស្តារឡើងវិញ»។
នៅក្នុងរដ្ឋមហារ៉ាស្ត្រាដែលរងគ្រោះខ្លាំងជាងគេ ចំនួនអ្នកស្លាប់បានកើនដល់១៤៩នាក់កាលពីថ្ងៃអាទិត្យនិងសាកសពមនុស្ស៩នាក់ទៀងត្រូវបានរកឃើញនៅក្នុងរដ្ឋកាណាតាកា៕