អូស្ត្រាលីប្រកាសពីអ្នកស្លាប់ដោយសារកូវីដ-១៩ ដែលមានវ័យក្មេងជាងគេ

(ស៉ីដនី)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reutersបានអោយដឹងថា
អាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា បុរសជន ជាតិអូស្រ្តាលីម្នាក់ដែលមានអាយុខ្ទង់ ២០ឆ្នាំ បានស្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតនៅទីក្រុង ស៊ីដនី ដោយសារជំងឺ COVID-19 ហើយក៏ជាអ្នកស្លាប់ដែមានវ័យក្មេងបំផុត ក្នុងចំណោមអ្នក ស្លាប់ផ្សេងៗទៀត ដោយសារជំងឺឆ្លងរាត្បាតដ៏កាចសាហាវនេះ នៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ បុរសខាងលើមិនត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ ហើយត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៣ថ្ងៃបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ ប៉ុន្តែសុខ ភាពរបស់អ្នកជំងឺរូបនេះ បានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ យ៉ាងឆាប់រហ័ស។

អត្តសញ្ញាណរបស់បុរសខាងលើនេះ និងមូលហេតុដែលគាត់បានឆ្លងជំងឺនេះ មិនត្រូវបានបង្ហាញ នោះទេ ប៉ុន្តែរូបគេជាអ្នករស់នៅភាគនិរតីទីក្រុងស៊ីដនី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង នូវករណីឆ្លងជំងឺ COVID-19 ជាច្រើនករណីដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែល បានដាក់សម្ពាធលើទីក្រុង ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ អស់ជាច្រើនសប្តាហ៍។

ជុំវិញបញ្ហានេះ លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) អភិបាលរដ្ឋ ញូសោត វែលស៍ (New South Wales ឬ NSW) បាននិយាយថា «វាបានបង្ហាញជាថ្មីម្តងទៀតថា ជំងឺនេះ មានភាពសាហាវដល់កម្រិតណា ព្រោះវាអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ»៕