រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន កាលពីថ្ងៃអង្គារបានប្រកាសបង្កើត«ការចរចាយុទ្ធសាស្ត្រ»មួយជាមួយឥណ្ឌូនេស៊ី ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសទាំង២បានប្តេជ្ញាចិត្តថានឹងធ្វើការរួមគ្នាលើបញ្ហាជាច្រើន រួមមានការការពារសេរីភាពនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។
ក្នុងជំនួបនៅក្រុងវ៉ាស៊ីនតោន លោកប្លីងកិន និងសមភាគីឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី ក៏បានប្តេជ្ញាថានឹងធ្វើការរួមគ្នាប្រឆាំងកូវីដ១៩ និងវិបត្តិអាកាសធាតុ ហើយនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគីផងដែរ។
ឥណ្ឌូនេស៊ីជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ជាប្លុកដែលរដ្ឋាភិបាលអាម៉េរិកគិតថាជាកន្លែងសំខាន់មួយនៅក្នុងកិច្ចខិខំរបស់ខ្លួនដើម្បីងើបឡើងតតាំងជាមួយនឹងឥទ្ធិពលកាន់តែកើនឡើងរបស់ចិននៅអាស៊ី។
ភាគីទាំងពីរបានយល់ព្រមបង្កើត«ភាពជាដៃគូយុទ្ធសាស្ត្រ»មួយនៅឆ្នាំ២០១៥ តែលោកប្លីងកិន បានប្រាប់អ្នកយកព័ត៌មានពេលឈរជិតលោកស្រី ម៉ាស៊ូឌី ថា ការចរចានេះឥឡូវទើបតែចាប់ផ្តើមទេ។«ឥណ្ឌូនេស៊ី ជាដៃគូយុទ្ធសាស្ត្ររឹងមាំមួយរបស់អាម៉េរិក។យើងធ្វើការរួមគ្នាលើរណសិរ្សជាច្រើន។រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសូមវាយតំលៃសម្លេងខ្លាំងក្លារបស់ឥណ្ឌូនេស៊ីនៅក្នុងអាស៊ាន»។
ចំណែកលោកស្រី ម៉ាស៊ូឌី បានប្រាប់លោកប្លីងកិនថា ភាពជាដៃគូរឹងមាំមួយជាមួយឥណ្ឌូនេស៊ីនឹងជា«ទ្រព្យសំខាន់មួយសំរាប់ការចូលរួមពាក់ព័ន្ធរបស់អ្នកកាន់តែច្រើនឡើងនៅក្នុងតំបន់។អាម៉េរិកជាដៃគូសំខាន់មួយសំរាប់អាស៊ានអនុវត្តទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក…»៕































